+1 847 692 6378

325 West Touhy Avenue 
Park Ridge, IL 60068 USA

Contact us

Helpful Links

  • For Companies
  • MDRT Store
  • MDRT Foundation
  • MDRT Academy
  • MDRT Center for Field Leadership
  • Media Room

MDRT Chapter Sites

  • Korea
  • Japan
  • Chinese Taiwan

Copyright 2025 Million Dollar Round Table®

DisclaimerPrivacy
  • About
  • Join
  • Events
  • Resources

រៀងរាល់​ថ្ងៃ​គឺ​ជា​ជម្រើស​របស់​យើង ថា​តើ​យើង​ចង់​មាន​ថ្ងៃ​ដ៏​អស្ចារ្យ ឬ​ក៏​អត់​ចង់​ទេ។ ទោះ​ជម្រើស​ណា​ក៏​ដោយ ក៏​យើង​ត្រូវ​ធ្វើ​ការសម្រេចចិត្ត​ដែរ មិន​អញ្ចឹង​ទេ? ការសម្រេចចិត្ត​ដែល​យើង​ធ្វើ​នឹង​មាន​ផលវិបាក​ផ្សេងៗ តើ​អ្នក​យល់ស្រប​ទេ?

Gary Ryan Blair និយាយថា “ជម្រើស​នីមួយៗ​មាន​ផលវិបាក​មួយ។ មិន​ថា​ល្អប្រសើរ​ជាងមុន ឬ​ក៏​អាក្រក់​ជាងមុន​ទេ ជម្រើស​នីមួយៗ​ផ្ដល់​ផលវិបាក​ដែល​មិន​អាច​ជៀសវាង។ គ្មាន​ការលើកលែង​ទេ។  បើ​អ្នក​អាច​ទទួល​យក​ថា ជម្រើស​មិនល្អ​មាន​គ្រាប់ពូជ​នៃ​ទណ្ឌកម្ម​ផ្ទាល់ខ្លួន​របស់​វា ហេតុអ្វី​ក៏​មិន​ទទួលយក​ការពិត​ដែល​ថា ជម្រើស​ល្អ​មួយ​នឹង​ឲ្យ​ផ្លែផ្កា​ដែល​ចង់​បាន?” ក្នុង​សៀវភៅ 8 Attributes of Great Achievers (គុណលក្ខណៈ 8 របស់​អ្នកសម្រេច​ស្នាដៃ​អស្ចារ្យ) លោក Cameron C. Taylor បាន​ថ្លែង​ថា នៅពេល​យើង​គោរព​ច្បាប់​នៃ​ជោគជ័យ យើង​នឹង​ធ្វើ​ដំណើរ​ទៅ​រក​លក្ខណៈ​ជោគជ័យ​កាន់តែច្រើន​នៃ​សុភមង្គល សន្តិភាព អានុភាព សេរីភាព និង​វិបុលភាព។ នៅពេល​យើង​មិន​គោរព​ច្បាប់​ជោគជ័យ យើង​នឹង​ធ្វើ​ដំណើរ​ទៅ​រក​លក្ខណៈ​នៃ​ភាពកំសត់ ភាពទន់ខ្សោយ ទាសភាព និង​ទុក្ខ។ ជម្រើស​ទាំងឡាយ​ពាក់ព័ន្ធ​យ៉ាងខ្លាំង​ជាមួយ​លទ្ធផល។

ឧទាហរណ៍​មួយ​ទៀត​គឺ​សំណួរ​អំពី​ការប៉ះ​ជើងក្រាន។ យើង​ពិត​ជា​មាន​ជម្រើស​ថា​តើ​យើង​នឹង​ប៉ះ​វា​ឬ​ក៏​អត់ ប៉ុន្តែ​យើង​មិន​មាន​ជម្រើស​ថា​តើ​វា​នឹង​រលាក​ឬ​ក៏​អត់​ទេ។ អញ្ចឹង​ផលវិបាក​ទាំងឡាយ​មាន​នៅ​ទីនោះ។ អ្នក​ឃើញ​ទេ យើង​ត្រូវ​សម្រេច​ចិត្ត មិន​អញ្ចឹង​ទេ? យើង​ត្រូវ​សម្រេច​ចិត្ត​ថា​តើ​យើង​ចង់​ទទួល​ជោគជ័យ​ដូចម្ដេច​នៅក្នុង​ជីវិត​របស់​យើង អាពាហ៍ពិពាហ៍​របស់​យើង និង​ហិរញ្ញវត្ថុ​របស់​យើង។ យើង​ត្រូវ​សម្រេច​ចិត្ត។

ស្រដៀងគ្នា​នេះ ហេតុអ្វី​មនុស្ស​ខ្លះ​មាន​រូបរាង​សមសួន ហើយ​អ្នកខ្លះ​ទៀត​លើសទម្ងន់? សុខភាព​របស់​មនុស្ស​ខុសប្លែក​គ្នា ដោយសារ​ពួកគេ​បាន​ជ្រើសរើស​ជម្រើស​ខុសគ្នា។ សូម​គិត​អំពី​មនុស្ស​ម្នាក់​ដែល​មាន​ប្រាក់​ច្រើន ប៉ុន្តែ​ក៏​លើស​ទម្ងន់​ច្រើន​ដែរ។ បុគ្គល​នេះ​បាន​រៀន​រស់នៅ​តាម​ច្បាប់​ហិរញ្ញវត្ថុ ប៉ុន្តែ​មិន​រស់នៅ​តាម​ច្បាប់​សុខភាព​ទេ។ អ្វី​មួយ​ស្រដៀង​នេះ​អាច​និយាយ​អំពី​នរណា​ម្នាក់​ដែល​ជា​រូបរាង​ស្អាត​អស្ចារ្យ ប៉ុន្តែ​ក៏​ក្រ​ណាស់​ដែរ។ បុគ្គល​នោះ​បាន​រៀន​រស់នៅ​តាម​ច្បាប់​សុខភាព ប៉ុន្តែ​មិន​តាម​ច្បាប់​ទ្រព្យសម្បត្តិ​ទេ។

សាកលលោក​ប្រព្រឹត្ត​ទៅ​តាម​ច្បាប់​មួយ​សំណុំ​ដែល​ថា ជោគជ័យ​គឺ​ដូចគ្នា​តែ​ម្ដង​ទៅ​នឹង​ទំនាញ ពីព្រោះ​របស់​ទាំងពីរ​នេះ​ស្ថិត​ក្រោម​ច្បាប់​សាកល​ដូចគ្នា។ អ្នក​មិន​ចាំបាច់​ក្លាយ​ជា​អ្នកជំនាញ​ទេ ដើម្បី​ធ្វើ​ឲ្យ​ច្បាប់​ជោគជ័យ​ឲ្យ​ផល​ដល់​អ្នក ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ថា ជម្រើស​សាមញ្ញ​ក្នុង​ជីវិត​អាច​នាំ​អ្នក​ទៅ​រក​ជោគជ័យ​ពិត​ប្រាកដ។ មិន​ថា​អ្វី​ខ្លះ​ដែល​យើង​ធ្វើ​ពី​ព្រហាម​ដល់​ព្រលប់​ទេ វា​មាន​ទម្ងន់​ធ្ងន់​ណាស់​លើ​យើង។ ការពិត​ដែល​ឃោរឃៅ​នេះ​គឺ​ថា​ជម្រើស​ទាំងឡាយ​មាន​ផលវិបាក​ផ្សេងគ្នា។

យើង​ស្ថិត​ក្នុង​ខែ​មិថុនា​ហើយ។ សូម​អបអរ​ចំពោះ​អ្នក​ទាំងឡាយ​ណា​ដែល​បាន​បញ្ចប់​សមាជិកភាព MDRT របស់​អ្នក​សម្រាប់​ឆ្នាំ​ក្រោយ។ យើង​មាន​ពេល​ប្រាំមួយ​ខែ​ទៀត។ កន្លែង​ណា​ក៏​ដោយ​ដែល​អ្នក​ស្ថិត​នៅ​ក្នុង​ពេល​ឥឡូវ​នេះ គឺ​ជា​លទ្ធផល​នៃ​ជម្រើស​ដែល​អ្នក​បាន​ជ្រើសរើស។

ស្រដៀងគ្នា​នេះ​ដែរ ជម្រើស​ដែល​យើង​បាន​ជ្រើសរើស​ធ្វើ​ជា​ភ្នាក់ងារ​ធានា​រ៉ាប់រង​ឬ​អ្នកប្រឹក្សា​ហិរញ្ញវត្ថុ​មាន​ផលវិបាក​ផ្សេងៗ​ដែល​អាច​ធ្វើ​ឲ្យ​យើង​ស្ថិត​នៅ​លើ​គន្លង ឬ​ក៏​ឃ្លាត​ចាក​ពី​គន្លង។ មិន​ថា​រយៈពេល​ប៉ុន្មាន​ហើយ​ដែល​អ្នក​បាន​ក្លាយ​ជា​សមាជិក MDRT ទេ វា​មាន​សារៈសំខាន់​ដែល​ថា​យើង​ត្រូវ​ជ្រើសរើស​ជម្រើស​ដែល​ត្រឹមត្រូវ ព្រោះ​ថា​ជម្រើស​ខុស​តែ​មួយ​គត់​គឺ​អាច​នាំ​យើង​ឲ្យ​ស្ថិត​ក្នុង​ស្ថានការណ៍​អាក្រក់​បំផុត​ទាំងស្រុង។

មុនពេល​ខ្ញុំ​ចែករំលែក​ពី​ជម្រើស​ដែល​ខ្ញុំ​បាន​ជ្រើសរើស សូម​ឲ្យ​ខ្ញុំ​ចែករំលែក​ចំណុច​ជាប់ទាក់ទង​ខ្លះៗ​នៃ​ឧស្សាហកម្ម​ធានារ៉ាប់រង​ជីវិត។ ជាច្រើន​ឆ្នាំ​នៃ​ការលក់​ធានារ៉ាប់រង​ជីវិត វា​បាន​ក្លាយ​ជា​ការពិត​ដែល​ថា​ផ្លូវអារម្មណ៍​គឺ​គ្រប់គ្រង​ការសម្រេច​ចិត្ត។ នេះ​គឺ​ដោយសារ​តែ​ការធានា​រ៉ាប់រង​ជីវិត​មាន​សមាសភាព​ចម្បង​ពីរ។ ទី​មួយ វា​រ៉ាប់រង​លើ​ហានិភ័យ​ដែល​កាន់តែ​មាន​គ្រោះថ្នាក់​ច្រើន ហើយ​ហានិភ័យ​មួយ​ចំពោះ​ជីវិត​របស់​មនុស្ស​កើនឡើង​ជាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ទីពីរ កិច្ចសន្យា​ធានា​រ៉ាប់រង​ជីវិត​នីមួយៗ​ក្លាយ​ជា​ការទាមទារ​មួយ។ ទោះ​មាន​ការពិត​ទាំងនេះ​ក៏​ដោយ យើង​នៅ​តែ​មាន​ភ្ញៀវ​សក្ដានុពល​ជាច្រើន​ដែល​បន្ត​បង្អាក់​ការអនុវត្ត​ផែនការ​ធានារ៉ាប់រង​សម្រាប់​ពួកគេ​ខ្លួនឯង។ ការលំបាក​របស់​យើង​ក្នុង​ការ​បញ្ចុះបញ្ចូល​ភ្ញៀវ​សក្ដានុពល​របស់​យើង​ចាប់ផ្ដើម​ពី​ទីនេះ។ សូម​ចាំ​ថា ការលំបាក​គឺ​ជា​នាគរាជ​មួយ​ដែល​មាន​អំណោយ​នៅ​ក្នុង​មាត់​របស់​វា។ ផ្សាំង​នាគរាជ​នោះ​ឲ្យ​បាន អំណោយ​នឹង​ក្លាយ​ជា​របស់​អ្នក។

ការយល់ដឹង​អំពី​ការធានា​រ៉ាប់រង​ជីវិត

ភ្ញៀវ​សក្ដានុពល​និង​ភ្ញៀវ​របស់​យើង ជា​ដំបូង ត្រូវតែ​យល់​ឲ្យ​បាន​ច្បាស់​ថា កិច្ច​សន្យា​ធានារ៉ាប់រង​មិន​មាន​បំណង​ធ្វើ​ឲ្យ​នរណា​ម្នាក់​ក្លាយ​ជា​អ្នកមាន​ទេ។ ពួកវា​គឺ​ជា​ការការពារ អញ្ចឹង​ហើយ បើ​អ្វី​មួយ​កើតឡើង​ចំពោះ​បុគ្គល​ម្នាក់ គ្រួសារ​នោះ​នឹង​មិន​ធ្លាក់​ខ្លួន​ក្រ​ឡើយ។ សូម​ចងចាំ​ជានិច្ច​ថា នៅពេល​យើង​អាច​ជួយ​ឲ្យ​ភ្ញៀវ​សក្ដានុពល​និង​ភ្ញៀវ​របស់​យើង​អាច​ជម្នះ​នូវ​ជំនឿ​មាន​កម្រិត យើង​ពិត​ជា​អាច​ក្រាល​គ្រឹះ​សម្រាប់​របស់​ថ្មី​សន្លាង​នៅ​ថ្ងៃស្អែក។

គ្មាន​នរណា​ម្នាក់​ដែល​បាន​ទិញ​កិច្ចសន្យា​ធានារ៉ាប់រង​ក្លាយ​ជា​អ្នកមាន​ឡើយ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ដែល​បាន​ទិញ​កិច្ចសន្យា​ធានារ៉ាប់រង​ដោយសារ​តែ​តម្លៃ​បែប​នោះ​ដែរ។ ភ្ញៀវ​របស់​យើង​ទិញ​ធានារ៉ាប់រង​ដោយសារ​តម្លៃ​នៃ​ផលិតផល​នោះ មិនមែន​ផ្អែក​លើ​ថ្លៃ​ចំណាយ​ទេ។ យើង​គួរ​ធ្វើ​ការងារ​ឲ្យ​បាន​ល្អ​ប្រសើរ​ក្នុង​ការ​បញ្ជាក់​ពី​លក្ខណៈ​ពិសេស​នៃ​ការទាក់ទាញ ឬ​ក៏​សេវា, ការឈឺចាប់​ដែល​វា​នឹង​សម្រាល ព្រមទាំង​ការសន្យា​ប្រកប​ដោយ​គុណធម៌​ដែល​វា​ផ្ដល់ជូន។

មនុស្ស​ទាំងឡាយ​មិន​ដឹង​ពី​អ្វី​ដែល​ពួកគេ​ចង់​បាន​ទេ ទាល់តែ​យើង​បង្ហាញ​វា​ដល់​ពួកគេ។ មនុស្ស​ផ្សេងគ្នា​គិត​ខុសៗគ្នា។ វា​រំឭក​ខ្ញុំ​អំពី​ភីហ្សា។ ភីហ្សា​តែង​មក​ជាមួយ​ប្រអប់​ការ៉េ​មួយ។ នៅពេល​អ្នក​បើក​វា វា​មាន​រាង​មូល ហើយ​នៅពេល​អ្នក​ចាប់ផ្ដើម​ទទួលទាន​វា វា​មាន​រាង​ត្រីកោណ។ ជីវិត​និង​មនុស្ស​គឺ​ដូច​នឹង​ភីហ្សា​ដែរ—ពួកគេ​មើល​ទៅ​ខុសគ្នា, លេចឡើង​ខុសគ្នា ហើយ​មាន​អាកប្បកិរិយា​ខុសគ្នា។

នេះ​ហើយ​ជា​មូលហេតុ​ដែល​យើង​ប្រយ័ត្នប្រយែង​ជាមួយ​នឹង​ភ្ញៀវសក្ដានុពល​និង​ភ្ញៀវ​របស់​យើង។ នេះ​ក៏​ជា​កន្លែង​ដែល​ភ្ញៀវ​សក្ដានុពល​របស់​យើង​ត្រូវ​ទទួល​ការអប់រំ​ដំបូង​គេ​អំពី​មូលហេតុអ្វី​បាន​ជា​ពួកគេ​ត្រូវការ​ផលិតផល​និង​សេវា​របស់​យើង​ដែរ។ នៅពេល​ពួកគេ​ទុកចិត្ត​ហើយ ពួកគេ​នឹង​ក្លាយ​ជា​ជំនួយ​ល្អបំផុត​របស់​យើង ដែល​នឹង​ផ្សព្វផ្សាយ​ពាក្យ​ទាំងនោះ​យ៉ាង​សកម្ម​ក្នុង​នាម​យើង។

វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ និង​អប់រំ​ភ្ញៀវ​សក្ដានុពល​និង​ភ្ញៀវ​របស់​យើង​អំពី​ពិភពលោក​កាន់តែ​ល្អប្រសើរ ដោយសារ​ផលិតផល​និង​សេវា​របស់​យើង ជាជាង​គំនិត​ដែល​ថា កិច្ចសន្យា​ធានារ៉ាប់រង​របស់​យើង​នឹង​ធ្វើ​ឲ្យ​ពួកគេ​ក្លាយ​ជា​អ្នកមាន។ យើង​គឺ​ជា​អ្នកបើកបរ​យន្តហោះ ហើយ​យើង​ជួយ​មនុស្ស​ទាំងឡាយ​ក្នុង​ដំណើរ​ជីវិត​របស់​ពួកគេ ឲ្យ​ឆ្លងផុត​ខ្យល់ព្យុះ​និង​គ្រោះ​អកុសល​ផ្សេងទៀត​ដែល​អាច​កើតឡើង ខណៈពេល​កំពុង​ធ្វើ​ដំណើរ​នោះ។

ឥឡូវ សូម​ឲ្យ​ខ្ញុំ​ចែករំលែក​ជម្រើស​ខ្លះ​ដែល​ខ្ញុំ​បាន​ជ្រើសរើស​ក្នុង​ដំណើរ​របស់​ខ្ញុំ​ទៅ MDRT។ ខ្ញុំ​នឹង​ចាប់ផ្ដើម​ជាមួយ​វិធីសាស្ត្រ​របស់​ខ្ញុំ​ក្នុង​ការស្វែងរក​ភ្ញៀវ​សក្ដានុពល​, ទីផ្សារ​គោលដៅ​របស់​ខ្ញុំ និង​រឿង​ខ្លះ​ដែល​ខ្ញុំ​ចែករំលែក​ជាមួយ​ភ្ញៀវ​សក្ដានុពល​របស់​ខ្ញុំ។

 

ការស្វែងរក​ភ្ញៀវ​សក្ដានុពល

រៀបចំ​ខ្លួន​អ្នក​ឲ្យ​ឈ្នះ​ពេញ​មួយ​ឆ្នាំ។ ខ្ញុំ​ចង់​លើកទឹកចិត្ត​អ្នក​ឲ្យ​ក្ដាប់​យក​ឱកាស​នៃ​ការណាត់ជួប​ភ្ញៀវ​សក្ដានុពល​ជាច្រើន​តាម​ដែល​អាច​ធ្វើ​បាន។ ហេតុអ្វី? ដោយសារ​យើង​មិន​ចង់​ឲ្យ​វា​ធ្លាក់ចុះ​ក្នុង​ពេល​ពីរ​ឬ​បី​ខែ​ចុងក្រោយ សម្លឹង​រក​មើល​ភ្ញៀវ​សក្ដានុពល​នោះ​ទេ។ នៅពេល​យើង​ខំ​ប្រដេញ​ដើម្បី​បង្កើត​ចំនួន ហើយ​យើង​សម្លឹង​រក​មើល​ភ្ញៀវ​សក្ដានុពល យើង​ពិត​ជា​កំពុង​សម្លឹង​រក​មើល​មនុស្ស​ដើម្បី​បិទ​ការលក់។ ចូរ​ដាក់​ឲ្យ​ពួកគេ​ស្ថិត​ក្នុង​បំពង់​ទុយយោ​របស់​អ្នក​ពី​ដើម​ឆ្នាំ នោះ​អ្នក​នឹង​មាន​លំហូ​នៃ​ភ្ញៀវ​សក្ដានុពល​យ៉ាង​ខ្ជាប់ខ្ជួន ដែល​នឹង​ជួយ​ដោះស្រាយ​នូវ​ការលំបាក​ធំបំផុត​របស់​យើង ដូចគ្នា​នឹង​អ្នក​ដែល​យើង​ប្រាប់​រឿង​របស់​យើង​ដល់​គេ​ដែរ។

ការដាក់​ពួកគេ​ក្នុង​បំពង់​ទុយយោ​នឹង​ផ្ដល់​នូវ​លទ្ធភាព​កាន់តែ​អស្ចារ្យ​ក្នុង​ការ​បិទ​ការលក់​កាន់តែ​ច្រើន នៅពេល​អ្នក​ខិត​ទៅ​ជិត​ដល់​ចុង​ឆ្នាំ។ វា​ជា​វិធី​ដ៏​អស្ចារ្យ​មួយ​ក្នុង​ការ​រៀបចំ​ខ្លួន​យើង​ឲ្យ​ឈ្នះ​ពេញ​មួយ​ឆ្នាំ។ តើ​នោះ​មិនមែន​ជា​អ្វី​ដែល​ត្រូវ​ខ្វល់​នោះ​ទេ?

វិធីសាស្ត្រ​ស្វែងរក​ភ្ញៀវ​សក្ដានុពល​ដែល​ខ្ញុំ​ចូលចិត្ត​ចំនួន​ពីរ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​ហៅ​ថា “Prospecting Box of Gold” (ប្រអប់​មាស​នៃ​ការស្វែងរក​ភ្ញៀវ​សក្ដានុពល) និង “Prospecting Bank Account” (គណនី​ធនាគារ​នៃ​ការស្វែងរក​ភ្ញៀវ​សក្ដានុពល)។

 

វិធីសាស្ត្រ Prospecting Box of Gold

វិធីសាស្ត្រ Prospecting Box of Gold សំដៅ​លើ​ប្រអប់​ដែល​ខ្ញុំ​រក្សា​នាមបណ្ណ​ទាំងអស់​ដែល​ខ្ញុំ​បាន​ដោះដូរ​ជាមួយ​មនុស្ស​ដែល​ខ្ញុំ​បាន​ជួប​នៅក្នុង​ពិធី​ឬ​ឱកាស​ខ្លះ ឬ​ក៏​ក្នុង​ស្ថានការណ៍​ណា​មួយ​ដែល​នាំ​ឲ្យ​យើង​ដោះដូរ​នាមបណ្ណ​ទៅ​វិញ​ទៅ​មក។

ពួក​យើង​ភាគច្រើន​មាន​នាមបណ្ណ​រាប់រយ​ដែល​បាន​ប្រមូល​ក្នុង​ពេល​ជាច្រើន​ឆ្នាំ ប៉ុន្តែ​យើង​មិន​ក្ដាប់​យក​ឱកាស​នេះ ដើម្បី​រៀបចំ​ការណាត់ជួប​និង​ធ្វើ​ធុរកិច្ច​ជាមួយ​ក្រុម​ភ្ញៀវសក្ដានុពល​ទាំងនេះ​ទេ។ វា​ពិត​ជា​ការខ្ជះខ្ជាយ​ធនធាន​មែន បើ​យើង​មិន​ឆក់​យក​ឱកាស​ដ៏​អស្ចារ្យ​ទាំងនោះ​ទេ។ ការដែល​មិន​សម​កើត​មាន​ឡើង​នោះ​គឺ​ថា យើង​មាន​ភ្ញៀវសក្ដានុពល​ថ្មីៗ​ទាំងនេះ ​ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​យើង ប៉ុន្តែ​យើង​បង្កើត​ភាពស្មុគស្មាញ​ទៅ​សម្លឹក​រក​មើល​ភ្ញៀវសក្ដានុពល​នៅ​កន្លែង​ផ្សេង។

ខ្ញុំ​បាន​យកចិត្តទុកដាក់​លើ​រឿង​នេះ ដើម្បី​ឲ្យ​ប្រាកដ​ថា​នឹង​ហៅ​ទៅ​គ្រប់​ឈ្មោះ​លើ​នាមបណ្ណ​ដែល​ធ្លាប់​បាន​ដោះដូរ​ជាមួយ​ខ្ញុំ។ មុន​នឹង​ខ្ញុំ​បញ្ចប់​ថ្ងៃ​របស់​ខ្ញុំ ខ្ញុំ​នឹង​ហៅ​ឈ្មោះ​ទាំងនេះ​ខ្លះ ដើម្បី​មើល​ថាតើ​ខ្ញុំ​អាច​ជួប​ពួកគេ​នៅ​ហាង​កាហ្វេ​ដើម្បី​និយាយ​រឿង​ខ្លះ​បាន​ទេ។ សន្ទនា​របស់​ខ្ញុំ​នឹង​មាន​លក្ខណៈ​ដូចនេះ។ ដោយ​សន្មត​ថា​ខ្ញុំ​បាន​រើស​យក​នាមបណ្ណ Mr. John Jr. ខ្ញុំ​នឹង​ហៅ​គាត់​ហើយ​និយាយ​ថា “សួស្ដី John, ខ្ញុំ​គឺ Mohan ធ្វើ​ការ​នៅ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ XYZ។ តើ​ឈ្មោះ​ខ្ញុំ​ធ្វើ​ឲ្យ​អ្នក​ចាំ​ខ្ញុំ​ទេ?” Mr. John អាច​មិន​ចាំ​ខ្ញុំ ដោយសារ​យើង​ជួប​គ្នា​បាន​តែ​ម្ដង​ប៉ុណ្ណោះ​ពីមុន អញ្ចឹង​គាត់​អាច​និយាយ​ថា “ខ្ញុំ​សូម​អធ្យាស្រ័យ Mohan ខ្ញុំ​មិន​អាច​ចាំ​អ្នក​ទេ”។ ការឆ្លើយតប​របស់​ខ្ញុំ​នឹង​ដូចនេះ “អូខេ ខ្ញុំ​សូម​អធ្យាស្រ័យ​អំពី​រឿង​នេះ ប៉ុន្តែ​ខ្ញុំ​សុំ​ពេល​បន្តិច តើ​អ្នក​គឺ​ជា​នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន ABC ដែល​មាន​អាសយដ្ឋាន​នៅ No 1 Stadium Street ហើយ​លេខ​ទូរសព្ទ​ការិយាល័យ​របស់​អ្នក​គឺ 123456 មែនទេ?” គាត់​នឹង​ឆ្លើយតប​ថា “បាទ ត្រឹមត្រូវ​ហើយ”។

ពី​ទីនេះ ខ្ញុំ​នឹង​គ្រប់គ្រង​សន្ទនា​ទាំងស្រុង ហើយ​នេះ​ជា​វិធី​ធ្វើ​វា។ “John យើង​ទាំងពីរ​នាក់​បាន​ជួបគ្នា​នៅ​កន្លែង​មួយ ប៉ុន្តែ​ខ្ញុំ​សូម​អធ្យាស្រ័យ​ដែល​ខ្ញុំ​មិន​អាច​ចាំ​កន្លែង​នោះ។ តែ​បើ​អ្នក​កំពុង​ស្វែងរក​នាមបណ្ណ​ជាច្រើន​ដែល​អ្នក​ធ្លាប់​បាន​ដោះដូរ អ្នក​នឹង​រកឃើញ​នាមបណ្ណ​របស់​ខ្ញុំ​ក្នុង​ចំណោម​នោះ​ដែរ លុះត្រាតែ​អ្នក​បោះ​វា​ចោល​ហើយ។” Mr. John នឹង​សុំ​ការអធ្យាស្រ័យ​ភ្លាមៗ ហើយ​និយាយ​ថា “ទេ Mohan វា​ប្រាកដ​ជា​ស្ថិត​នៅ​ក្នុង​ចំណោម​នាមបណ្ណ​ដែល​ខ្ញុំ​ទុក”។

ពី​ទីនេះ ខ្ញុំ​នឹង​បន្ត​សន្ទនា​ដោយ​និយាយ​ថា “John ដើម្បី​ឲ្យ​យុត្តិធម៌​សម្រាប់​អ្នក តើ​យើង​អាច​ជួបគ្នា​ញ៉ាំ​កាហ្វេ​បាន​ទេ ដើម្បី​ឲ្យ​យើង​អាច​ចំណាំ​មុខ​គ្នា​បាន។ តើ​ថ្ងៃ​ព្រហស្បតិ៍​ល្អ​សម្រាប់​អ្នក​ទេ ឬ​ក៏​អ្នក​ចង់​ជួប​នៅ​ល្ងាច​ថ្ងៃសុក្រ​វិញ?” 90 ភាគរយ​យ៉ាង​ប្រាកដ​នៃ​សន្ទនា​បែបនេះ​នឹង​នាំ​ឲ្យ​មាន​ការណាត់ជួប​មួយ ហើយ​អត្រា​ជោគជ័យ​នៃ​ការបិទបញ្ចប់​នឹង​ខ្ពស់​ខ្លាំង។

ម្យ៉ាង​វិញ បើ John ឆ្លើយ​ទូរសព្ទ ហើយ​និយាយ​ថា “ពិត​មែន​ហើយ ខ្ញុំ​ចាំ​អ្នក” នោះ​វា​កាន់តែ​ងាយស្រួល​ទៅ​ទៀត​ក្នុង​ការ​សុំ​ណាត់ជួប។ នៅពេល​ណាត់ជួប ប្រធានបទ​នៃ​ការធានារ៉ាប់រង​ប្រាកដ​ជា​កើតឡើង ហើយ​បន្ទាប់​មក អ្នក​អាច​បន្ត​ពី​ទីនោះ​និង​ធ្វើ​កិច្ចការ​ចាំបាច់។

ការស្វែងរក​ភ្ញៀវសក្ដានុពល​ចំពោះ​ខ្ញុំ​ប្រៀប​បាន​នឹង​បេះដូង​ដែល​មាន​សារៈសំខាន់​ចំពោះ​រាងកាយ។ ចូរ​កុំ​ឈប់​ស្វែងរក​ភ្ញៀវ​សក្ដានុពល ទោះ​បី​អ្នក​រវល់​ប៉ុណ្ណា​ក៏​ដោយ។ ការឈប់​របស់​បេះដូង​គឺ​ស្មើនឹង​ការស្លាប់​នៃ​អាជីព​របស់​យើង។

 

វិធីសាស្ត្រ Prospecting Bank Account

យើង​ទាំងអស់​គ្នា​មាន​គណនី​សន្សំប្រាក់​មួយ ហើយ​យើង​ដឹង​អំពី​សារៈសំខាន់​របស់​វា។ ដោយ​គ្មាន​គណនី​សន្សំ​ត្រឹមត្រូវ យើង​អាច​តម្រង់​ទៅ​រក​ការលំបាក​ធំៗ​ខ្លះ។ រឿង​នេះ​គឺ​ដូចគ្នា​ចំពោះ​គណនី​ធនាគារ​នៃ​ការស្វែងរក​ភ្ញៀវ​សក្ដានុពល​ដែរ។ សូម​ស្រមៃ​ពី​ទ្វេគ្រោះ​ដែល​យើង​នឹង​មាន បើ​គណនី​នៃ​ការស្វែងរក​ភ្ញៀវ​សក្ដានុពល​របស់​យើង​បង្ហាញ​សមតុល្យ​សូន្យ។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​ធ្វើ ដើម្បី​ឲ្យ​ប្រាកដ​ថា ខ្ញុំ​មាន​សមតុល្យ​ដែល​មាន​សុខភាព​ល្អ​ក្នុង​គណនី​នៃ​ការស្វែងរក​ភ្ញៀវ​សក្ដានុពល​របស់​ខ្ញុំ។

មនុស្ស​ទាំងឡាយ​ធ្វើ​ធុរកិច្ច​ជាមួយ​មនុស្ស​ដែល​ពួកគេ​ស្គាល់ ចូលចិត្ត និង​ទុកចិត្ត។ វិធី​ដែល​មាន​អានុភាព​បំផុត​មួយ​ដែល​អ្នក​អាច​ទាក់ទាញ​ភ្ញៀវ​ថ្មីៗ​គឺ​ត្រូវ​សុំ​ការណែនាំ ប៉ុន្តែ​តើ​ជាក់ស្ដែង អ្នក​សុំ​ការណែនាំ​ដូចម្ដេច​ទៅ? នេះ​ជា​វិធី​សំណព្វ​ពីរ​របស់​ខ្ញុំ ដែល​បាន​ជួយ​ខ្ញុំ​ឲ្យ​ទទួល​ការណែនាំ​ជាច្រើន​យ៉ាង​ខ្ជាប់ខ្ជួន៖

1. សំណេរ​នៃ​ការណែនាំ

ចាប់ផ្ដើម​ដោយ​ការកត់​ទុក​នូវ​សំណេរ​នៃ​ការណែនាំ។ នេះ​ជា​របស់​ខ្ញុំ។ ខ្ញុំ​តែង​សុំ​ឲ្យ​ភ្ញៀវ​ធ្វើ​ការណែនាំ “តើ​នរណា​មួយ​ដែល​អ្នក​ស្គាល់​ថា​ជា​អ្នក​ដែល​មាន​ជោគជ័យ​ក្នុង​វិស័យ​ដែល​គាត់​បាន​ជ្រើសរើស ហើយ​អ្នក​គិត​ថា​នឹង​ទទួល​ប្រយោជន៍​ពី​សេវា​របស់​ខ្ញុំ?” មែន​ហើយ មនុស្ស​ទាំងឡាយ​តែង​ស្គាល់​នរណា​ម្នាក់​ដែល​មាន​ជោគជ័យ​ខ្លាំង។

មនុស្សលោក​ឆ្លើយតប​ក្នុង​លក្ខណៈ​ទាយ។ ជា​ញឹកញាប់ អ្វី​ដែល​មាន​ប្រយោជន៍​សម្រាប់​នរណា​ម្នាក់ នឹង​មាន​ប្រយោជន៍​សម្រាប់​អ្នក​ដែរ។ សូម​គិត​អំពី​មនុស្ស​ក្នុង​ក្រុមហ៊ុន​ឬ​ឧស្សាហកម្ម​របស់​អ្នក។ តើ​មាន​បុគ្គល​ណា​ម្នាក់​ដែល​ទទួល​ការណែនាំ​ច្រើន​ទេ? អ្នក​អាច​ខ្ចី​សំណេរ​របស់​អ្នកផ្សេង។ សួរ​ពួកគេ​ថា​អ្វី​ដែល​ពួកគេ​និយាយ​ជា​ពិសេស​ដើម្បី​សុំ​ការណែនាំ។ អ្នក​នឹង​ភ្ញាក់ផ្អើល​ថា អ្នក​នឹង​ទទួល​វិធីសាស្ត្រ​ពីរបី​ប្រភេទ​ខុសៗ​គ្នា។ សូម​សួរ​អ្នកចូលរួម MDRT ដែល​ជា​គ្នីគ្នា​របស់​អ្នក ឲ្យ​ចែករំលែក​វិធីសាស្ត្រ​របស់​ពួកគេ​ក្នុង​ការសុំ​ការណែនាំ។ អ្នក​នឹង​សប្បាយ​រីករាយ​លើ​អ្វី​ដែល​អ្នក​បាន​ធ្វើ។

2. គោលបំណង​នៃ​ការណែនាំ

យុទ្ធសាស្ត្រ​សាមញ្ញ​មួយ​ដែល​អ្នក​អាច​ប្រើ​ដើម្បី​ទទួល​ការណែនាំ​កាន់តែ​ច្រើន​គឺ​ត្រូវ​កំណត់​គោលបំណង​មួយ​សម្រាប់​ការណែនាំ។ បន្ទាប់​មក សូម​ចាប់ផ្ដើម​សកម្មភាព។ ខ្ញុំ​ឲ្យ​យោបល់​អ្នក​សុំ​ការណែនាំ​យ៉ាង​ហោចណាស់​បី​ដង​ក្នុង​មួយ​សប្ដាហ៍។ ឆាប់ៗ វា​នឹង​ក្លាយ​ជា​ទម្លាប់​មួយ ហើយ​លទ្ធផល​នឹង​អស្ចារ្យ​ខ្លាំង​ណាស់។

ទីផ្សារ​គោលដៅ

ជម្រើស​ទីផ្សារ​គោលដៅ​របស់​ខ្ញុំ​គឺ​ជីដូនជីតា​ដែល​មាន​ទ្រព្យ​និង​អ្នក​ជំនាន់​កណ្ដាល។

ការលក់​ជូន​ជីដូនជីតា​ដែល​មាន​ទ្រព្យ

ជម្រើស​មួយ​ទៀត​ដែល​ខ្ញុំ​ជ្រើសរើស​គឺ ការលក់​ជូន​ជីដូនជីតា​ដែល​មាន​ទ្រព្យ។ ជីដូនជីតា​ជាច្រើន​​ក្នុង​ពេល​សព្វថ្ងៃ​នេះ​ភ័យខ្លាច​ថា ចៅៗ​នឹង​មិន​អាច​រស់នៅ​ស្រួល​ដូច​ដែល​ពួកគេ​ចង់​ចៅៗ​ទាំងនោះ​រស់។ ក្នុង​នាម​ជា​ជីដូនជីតា ពួកគេ​ភាគច្រើន​មាន​អារម្មណ៍​ចង់​ឲ្យ​មាន​ការចងចាំ​ពួកគេ។ កេរ្តិ៍​ដំណែល​សម្រាប់​កូន​ចៅ​របស់​ពួកគេ​ក៏​គួរ​តែ​មាន​សម្រាប់​អ្នកជំនាន់​ក្រោយ​ដែរ។

វា​ជា​ការពិត​ដែល​យើង​ដឹង​ហើយ​ថា ពួកយើង​ខ្លះ​មិន​ទាំងចាំ​ឈ្មោះ​របស់​ជីដូន​ជីតា​យើង​ផង ព្រោះ​ថា មិន​ត្រឹមតែ​ពួកយើង​មិន​ដែល​បាន​ជួប​ពួកគាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង ប្រហែល​ដោយសារ​ពួកគាត់​មិន​បាន​បន្សល់​ទុក​អ្វី​សម្រាប់​យើង​ផងដែរ។ ដោយ​ស្ថិត​ក្នុង​ធុរកិច្ច​នេះ​ប្រហែល 29 ឆ្នាំ ខ្ញុំ​បាន​ត្រឡប់​ចូល​ទីផ្សារ​ធំ​មួយ​ដែល​តែង​មើល​រំលង គឺ​ការលក់​កិច្ចសន្យា​សម្រាប់​ក្មេងៗ ហើយ​ពេល​នេះ​គឺ​ជាមួយ​បុព្វលាភ​យ៉ាង​ច្រើន ជា​ចម្បង​គឺ​លក់​ឲ្យ​ជីដូនជីតា។ ពួកគេ​មាន​ប្រាក់​ច្រើន ហើយ​ចង់​រួម​ចំណែក​ដល់​សុខុមាលភាព​ហិរញ្ញវត្ថុ​របស់​កូនចៅ​ពួកគេ។

អ្វី​ដែល​ធ្វើ​ឲ្យ​វា​វិសេស​ខុសប្លែក​ពី​គេ​គឺ​ថា កិច្ចសន្យា​ដែល​ខ្ញុំ​លក់​ជូន​ជីដូនជីតា​លើ​ជីវិត​របស់​ចៅៗ ដើរ​តួនាទី​ដូចជា​អំណោយ​ក្នុង​ជីវិត ហើយ​ផ្ដល់​នូវ​ប្រយោជន៍​សម្រាប់​ការរស់នៅ​ដ៏​សំខាន់ ខណៈពេល​ពួកគេ​នៅរស់ ជាជាង​កិច្ចសន្យា​ធានារ៉ាប់រង​ដែល​មាន​ប្រាក់​រាប់លាន​ដុល្លារ ឬ​ក៏​ច្រើន​ជាងនេះ។ បើ​អ្នក​មាន​កិច្ចសន្យា​ទាំងនោះ សូម​សាកល្បង​ទស្សនទាន​នេះ។

ការលក់​ជូន​អ្នក​ជំនាន់​កណ្ដាល

អ្នក​ជំនាន់​កណ្ដាល រួមមាន​មនុស្ស​ពេញវ័យ​ដែល​កំពុង​ទំនុកបម្រុង​ឪពុកម្ដាយ​របស់​ពួកគេ ហើយ​អាច​កំពុង​ចិញ្ចឹម​កូន ឬ​ក៏​ទំនុកបម្រុង​កូន​ធំ​ហើយ។ ពួកគេ​មាន​ការទទួលខុសត្រូវ​លើ​ការផ្ដល់​ការថែទាំ និង​ការទំនុកបម្រុង​ហិរញ្ញវត្ថុ​ដល់​ឪពុក​ម្ដាយ​របស់​ពួកគេ ព្រមទាំង​កូន​របស់​ពួកគេ។  សមាជិក​ទូទៅ​នៃ​អ្នកជំនាន់​កណ្ដាល​គឺ​នៅ​ចន្លោះ​ពី 30 និង 45​ឆ្នាំ បាន​រៀបការ​ហើយ, កំពុង​ទំនុកបម្រុង​កូន​ម្នាក់​ឬ​ពីរ​នាក់ ព្រមទាំង​ឪពុកម្ដាយ​ឬ​ឪពុកម្ដាយ​ក្មេក។

តើ​វា​យ៉ាង​ម៉េច​ទៅ? ការរីកចម្រើន​នៃ​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​បាន​បង្កើន​អាយុកាល​មធ្យម​នៃ​ជីវិត​មនុស្ស ដូច្នេះ​មនុស្ស​រស់នៅ​កាន់តែ​វែង​ហើយ​កំពុង​ត្រូវការ​នូវ​ការថែទាំ​ក្នុង​រយៈពេល​កាន់តែ​វែង។ ដោយសារ​ការកើនឡើង​នៃ​អាយុកាល​មធ្យម​នៃ​ជីវិត​និង​អំឡុងពេល​នៃ​ការពឹងផ្អែក​នេះ​ហើយ កូន​ដែល​ពេញវ័យ​អាច​ត្រូវការ​ប្រាក់​ដើម្បី​ទំនុកបម្រុង​ដល់​ឪពុកម្ដាយ​ដែល​ចាស់ជរា។ បន្ថែម​លើ​នេះ គូ​ស្វាមី​ភរិយា​កំពុង​ពន្យារ​ការមាន​កូន ដោយ​រង់ចាំ​ដល់​វ័យ​ជ្រេ។ នេះ​អាច​ធ្វើ​ឲ្យ​ពួកគេ​ស្ថិត​ក្នុង​ទីតាំង​កណ្ដាល​នៃ​ការថែទាំ​កូន​តូច​របស់​ពួកគេ​និង​ឪពុកម្ដាយ​ចាស់ជរា​របស់​ពួកគេ​ក្នុង​ពេល​ដំណាលគ្នា សូម្បី​តែ​ពួកគេ​ខ្លួនឯង​ជិត​ដល់​វ័យ​ចូលនិវត្ត​ក៏​ដោយ។

ដោយសារ​ការស្ថិត​ចំ​ទីតាំង​កណ្ដាល​ដូចនេះ តើ​វា​មាន​ផលវិបាក​អ្វី?

  • មនុស្ស​ធ្វើការ​កាន់តែ​ខ្លាំង, សន្សំ​ប្រាក់​បាន​កាន់តែ​តិច ហើយ​កាន់តែ​ប្រុងប្រយ័ត្ន​ជាមួយ​ការវិនិយោគ​របស់​ពួកគេ។
  • ពួកគេ​កំពុង​សន្សំ​ប្រាក់​សម្រាប់​ការចូលនិវត្ត​របស់​ពួកគេ ប៉ុន្តែ​ភាគច្រើន​នឹង​មាន​ស្តង់ដា​នៃ​ការរស់នៅ​ទាប នៅពេល​ពួកគេ​ចាកចេញ​ពី​កម្លាំង​ការងារ។
  • ដោយសារ​មាន​តម្រូវការ​ប្រជែងគ្នា​ពី​ឪពុកម្ដាយ​និង​កូន​របស់​ពួកគេ អ្នកជំនាន់​កណ្ដាល​ភាគច្រើន​កំពុង​តស៊ូ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។
  • ពួកគេ​ចំណាយ​ពេល​និង​ប្រាក់​ជាច្រើន​មើល​ថែ​កូន​របស់​ពួកគេ ហើយ​ជា​ពិសេស​បង់ប្រាក់​សម្រាប់​ការអប់រំ​កូន។

ដោយ​ពិនិត្យ​មើល​សេណារីយ៉ូ​ទាំងនេះ មនុស្ស​ជាច្រើន​នឹង​ឃើញ​ថា ពួកគេ​ត្រូវ​បាន​ប្រទាញ​ទៅ​ក្នុង​ទិសដៅ​ពីរ នៅពេល​ប៉ុនប៉ង​បែងចែក​ពេលវេលា​និង​ប្រាក់​ដល់​កូន​និង​ឪពុកម្ដាយ​របស់​ពួកគេ។ ពួកគេ​ក៏​អាច​មាន​អារម្មណ៍​ផងដែឬ​ថា ពួកគេ​ត្រូវ​លះបង់​បំណងប្រាថ្នា​នៃ​ការចូលនិវត្តន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ ដើម្បី​ផ្ដល់​ឲ្យ​អ្នកនៅ​ក្រោម​បន្ទុក​របស់​ពួកគេ។

ដោយសារ​កត្តា​ប្រជាសាស្ត្រ​ផ្លាស់ប្ដូរ​របស់​សង្គម ការជាប់​នៅ​ទីតាំង​កណ្ដាល​គឺ​អាច​កើតឡើង។ ទោះ​ជា​យ៉ាងនេះ​ក្ដី វា​តែង​មាន​អ្វី​មួយ​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ត្រៀម​ខ្លួន​អ្នក​កាន់តែ​ប្រសើរ បើ​អ្នក​រក​ឃើញ​ថា អ្នក​កំពុង​ប្រឈម​ជាមួយ​បញ្ហា​នៃ​អ្នកជំនាន់​កណ្ដាល។ នេះ​ជា​វិធី​ខ្លះ​ដែល​អ្នក​អាច​ស្នើ​ដល់​ភ្ញៀវ​សក្ដានុពល​របស់​អ្នក ខណៈពេល​ពួកគេ​កំពុង​ថ្លឹងថ្លែង​ការទទួលខុសត្រូវ​ដែល​ពួកគេ​មាន​សម្រាប់​កូន​ឬ​ឪពុកម្ដាយ​របស់​ពួកគេ៖

  • ឲ្យ​យោបល់​ពួកគេ​កុំ​ពន្យារ​ផែនការ​សម្រាប់​ការការពារ​ចំណូល​របស់​ពួកគេ។ ពួកគេ​ត្រូវ​រក​ប្រាក់​ទំនុកបម្រុង​គ្រប់គ្រាន់​សម្រាប់​គ្រួសារ​របស់​ពួកគេ ក្នុង​ករណី​អ្វី​មួយ​អកុសល​កើតឡើង​ចំពោះ​ពួកគេ។
  • ពួកគេ​ត្រូវ​គិត​ពិចារណា​ផែនការ​អប់រំ​ដែល​នឹង​បង់​ប្រាក់​ឲ្យ នៅពេល​កូន​របស់​ពួកគេ​ត្រៀម​ចូល​សាកលវិទ្យាល័យ។
  • ពួកគេ​គួរ​ចាប់ផ្ដើម​រៀប​ផែនការ​សម្រាប់​ការចូល​និវត្តន៍ ដោយ​ចាំ​ទុក​ក្នុង​ចិត្ត​ពី​លទ្ធភាព​ដែល​អាច​ស្ថិត​ក្នុង​ស្ថានភាព​អ្នកជំនាន់​កណ្ដាល។
  • ក្នុង​ករណី​ភាគច្រើន ភ្ញៀវ​សក្ដានុពល​នឹង​ចាប់ផ្ដើម​សំណើ​មួយ​ក្នុង​ចំណោម​បី​នេះ ដោយ​ផ្ដល់​ឲ្យ​យើង​នូវ​ផ្លូវ​ដើម្បី​បិទ​បន្ថែម​ទៀត​លើ​ទិដ្ឋភាព​ដែល​នៅសល់។
 

រឿង I ចែករំលែក

ដូច​ខ្ញុំ​បាន​បញ្ជាក់​ពីមុន ផ្លូវ​អារម្មណ៍​គ្រប់គ្រង​ការសម្រេចចិត្ត។ នេះ​ជា​រឿង​ខ្លះ​ដែល​ខ្ញុំ​ចែករំលែក​អំពី​ប្រធានបទ​នៃ​ការការពារ​ចំណូល, ការអប់រំ​របស់​កូន, ការចូល​និវត្តន៍ និង​ផលប្រយោជន៍​និយោជិត។

ការការពារ​ចំណូល

1. ការបិទ​ដែល​មិន​អាច​បដិសេធ​បាន

បន្ទាប់​ពី​ដំណើរការ​នៃ​ការស្វែងរក​ការពិត ជា​ធម្មតា ខ្ញុំ​គូស​គំនូសតាង​មួយ​ដែល​មាន​ការពន្យល់​ពី​អ្វី​ដែល​អនុគ្រោះ​ដល់​ពួកគេ បើ​ពួកគេ​ទិញ។ ខ្ញុំ​នឹង​ចែក​វា​ទៅ​ជា​ពីរ​ក្រឡោន៖ “ចំណុច​អនុគ្រោះ” និង “ចំណុច​មិន​អនុគ្រោះ”។

ក្រោម​ចំណុច​អនុគ្រោះ យើង​មាន​ការការពារ​ចំណូល 2លាន​ដុល្លារ; ជំងឺ​ធ្ងន់ 1លាន​ដុល្លារ; បំណុល 1លាន​ដុល្លារ; ពិការភាព 1លាន​ដុល្លារ; ផលប្រយោជន៍​ចូលនិវត្តន៍ 1លាន​ដុល្លារ និង​ការចូល​សម្រាក​មន្ទីរពេទ្យ 1លាន​ដុល្លារ។ ក្នុង​ក្រឡោន​នៃ​ចំណុច​មិន​អនុគ្រោះ ខ្ញុំ​នឹង​សួរ​គាត់ បើ​គាត់​ដឹង​ថា​មាន​អ្វី​មួយ​ដែល​មិន​អនុគ្រោះ​ដល់​គាត់ ហើយ​ការឆ្លើយតប​ជា​ធម្មតា​គឺ​គ្មាន។ លោក​ភ្ញៀវ​សក្ដានុពល សូម​ចាំ​ជានិច្ច​អំពី​តក្កភាព​នៃ​ការធានា​រ៉ាប់រង​ជីវិត។

  • អ្នក​នឹង​បង់ប្រាក់​ចំណាយ​យ៉ាង​តិច​សម្រាប់​ផលប្រយោជន៍​យ៉ាង​ច្រើន។
  • បុព្វលាភ​សម្រាប់​ការធានា​រ៉ាប់រង​ជីវិត​គឺ​ជា​ការបង់រំលស់​ប៉ុណ្ណោះ ដែល​គ្រួសារ​របស់​អ្នក​មិន​ចាំបាច់​បន្ត​បង់​ទៀត​ឡើយ នៅពេល​អ្នក​មិន​នៅ។
  • ការធានា​រ៉ាប់រង​ជីវិត​គឺ​ជា​ចំណាត់ថ្នាក់​នៃ​ទ្រព្យសកម្ម​ច្រើន​បំផុត​របស់​ពិភពលោក។

2. ការបិទ​លក្ខណៈ​មូលប្បទានបត្រ​គ្មាន​ប្រាក់

ក្នុង​ការបិទ​លក្ខណៈ​មូលប្បទានបត្រ​គ្មាន​ប្រាក់ សូម​នាំ​មក​នូវ​មូលប្បទានបត្រ​ពីរ​សន្លឹក​ជូន​ភ្ញៀវ​សក្ដានុពល។ លើ​មូលប្បទានបត្រ​ទីមួយ សូម​សរសេរ​ឈ្មោះ​របស់​ភ្ញៀវ​សក្ដានុពល​ជាមួយ​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​សង។ ឧទាហរណ៍ 1លាន​ដុល្លារ។ លើ​មូលប្បទានបត្រ​ទីពីរ សូម​សរសេរ​ចំនួន​ទឹកប្រាក់​វិភាគទាន​នៃ​បុព្វលាភ។

រួច​ខ្ញុំ​នឹង​និយាយ​ថា “បើ​អ្នក​មិន​ស្ថិតនៅ យើង​នឹង​សង 1លាន​ដុល្លារ ដល់​អ្នកទទួល​ផល​របស់​អ្នក ហើយ​បើ​អ្នក​ពិការ យើង​នឹង​សង 1លាន​ដុល្លារ ដល់​អ្នក ហើយ​អ្វីៗ​ទាំងអស់​ដែល​អ្នក​ត្រូវ​ធ្វើ គឺ​គ្រាន់តែ​សរសេរ​មូលប្បទានបត្រ​មួយ​ដែល​មាន​តម្លៃ 1.800ដុល្លារ ក្នុង​មួយ​ខែ​ប៉ុណ្ណោះ។ សូម​ចាំ​ថា នេះ​គឺ​ជា​ការបង់រំលស់​ប៉ុណ្ណោះ ដែល​គ្រួសារ​របស់​អ្នក​មិន​ចាំបាច់​បន្ត​បង់​ទៀត​ឡើយ នៅពេល​អ្នក​មិន​នៅ។ តើ​អ្នក​មិន​ចង់​បាន​ដូច្នេះ​ទេ?”

ក្រុមហ៊ុន​ធានារ៉ាប់រង​របស់​ខ្ញុំ​មាន​អាយុ​ប្រហែល​100ឆ្នាំ​មក​ហើយ មិនមែន​ដោយសារ​ភ្នាក់ងារ​រក​ភ្ញៀវ​មក​ឲ្យ​យើង​ទេ ប៉ុន្តែ​យើង​បាន​ទូទាត់​ជា​មូលប្បទានបត្រ​រៀងរាល់​ឆ្នាំ​ក្នុង​ពេល​100ឆ្នាំ​មក​នេះ។

3. ការបិទ​លក្ខណៈ​ឆត្រ​យោង

“លោក​ភ្ញៀវ​សក្ដានុពល អ្នក​ទិញ​ផលិតផល នៅពេល​អ្នក​មិន​ត្រូវការ​វា។ នៅពេល​អ្នក​ត្រូវការ​វា ហើយ​មិនមាន​វា អ្នក​នឹង​មិន​ទទួល​វា​ទេ ហើយ​ក៏​ប្រហែល​ជា​មិន​ត្រូវការ​វា​ម្ដងទៀត​ដែរ។”

សូម​ស្រមៃ​ថា អ្នក​កំពុង​ហោះ​នៅ​កម្ពស់ 12គីឡូម៉ែត្រ​ពី​ដី ហើយ​ភាពអាសន្ន​មួយ​កើតឡើង។ អ្នកបម្រើ​លើ​យន្តហោះ​ចេញ​មក ហើយ​ចែក​ឆត្រយោង ប៉ុន្តែ​នៅពេល​គាត់​មក​ដល់​អ្នក គាត់​មិន​នៅសល់​ឆត្រ​យោង​ទៀត​ទេ។ អ្នក​ដឹង​ថា អ្នក​នឹង​មិន​ត្រូវការ​វា​ម្ដងទៀត​ឡើយ។ មាន​សេណារីយ៉ូ​ដូចគ្នា​នៅ​ទីនេះ​ជាមួយ​ការធានារ៉ាប់រង​ជីវិត។ អ្នក​ដឹង​ថា មាន​តម្រូវការ​ធំ​មួយ​សម្រាប់​អ្នក​ដើម្បី​ការពារ​គ្រួសារ​របស់​អ្នក ហើយ​វា​ជា​ពេល​ឥឡូវ​ដែល​អ្នក​គួរ​ទិញ​វា។ សូម​ចាំ​ថា នៅពេល​អ្នក​ត្រូវការ​វា ហើយ​អ្នក​មិនមាន​វា អ្នក​នឹង​មិនដែល​អាច​ទទួល​វា​ទៀត​ឡើយ។ យើង​លក់​ឆត្រ នៅពេល​ព្រះអាទិត្យ​កំពុង​រះ។

កិច្ចសន្យា​ការអប់រំ​សម្រាប់​កូន

លោក​ភ្ញៀវ​សក្ដានុពល ឪពុកម្ដាយ​ទាំងអស់​មាន​ក្ដីសង្ឃឹម​និង​សុបិន​ខ្ពស់​សម្រាប់​កូន​របស់​ពួកគេ។ យើង​សង្ឃឹម​ថា​ឃើញ​ពួកគេ​ជោគជ័យ​ក្នុង​ជីវិត​របស់​ពួកគេ។ ដំណើរ​ទៅ​រក​ក្ដីសុបិន​នោះ​នឹង​ត្រូវ​ចាប់ផ្ដើម​ជាមួយ​ភាពបន្ទាន់​ក្នុង​ការរៀបចំ។

លោក​ភ្ញៀវ​សក្ដានុពល បើ​កូន​របស់​យើង​បាន​ទទួល​ការអប់រំ​ត្រឹមត្រូវ ពួកគេ​នឹង​ចម្រើន​លូតលាស់​និង​ចូលសង្គម​ជាមួយ​មនុស្ស​ដែល​មាន​ស្តង់ដា​របស់​ពួកគេ។ ជា​ញឹកញាប់ គេ​និយាយ​ថា យើង​គឺ​ជា​ផលបូក​សរុប​នៃ​មនុស្ស​ប្រាំនាក់​ដែល​យើង​តែង​ចំណាយ​ពេល​របស់​យើង​ជាមួយ។ ដោយ​និយាយ​ដូចនោះ យើង​ត្រូវ​ប្រាកដ​ថាកូន​របស់​យើង​មាន​ការចាប់ផ្ដើម​ជីវិត​ដ៏​អស្ចារ្យ ស្ថិតនៅ​ជុំវិញ​មនុស្ស​ល្អបំផុត។

លើស​ពី​នេះ លោក​ភ្ញៀវ​សក្ដានុពល រឿង​នេះ​ត្រូវតែ​កើតឡើង នៅពេល​យើង​មិន​ស្ថិតនៅ។ ការរៀបចំ​មិន​បាន​ល្អ ឬ​ក៏​សុំ​ឲ្យ​ប្រពន្ធ​ទទួលបន្ទុក​រៀបចំ​ការអប់រំ​កូន

របស់​យើង​ក្នុង​អំឡុងពេល​យើង​អវត្តមាន គឺ​ពិត​ជា​អាម៉ាស​ណាស់។ នៅពេល​ដែល​អ្នក​យល់ស្រប​តាម​ខ្ញុំ លោក​ភ្ញៀវ​សក្ដានុពល អំណោយ​ល្អបំផុត​ដែល​ឪពុក​អាច​ផ្ដល់​ឲ្យ​កូន​គឺ​ពេលវេលា​របស់​ម្ដាយ។

ដោយ​គិត​ដូច្នេះ លោក​ភ្ញៀវ​សក្ដានុពល វិធី​តែ​មួយ​គត់​ដែល​យើង​អាច​ប្រាកដ​ថា យើង​គូស​គន្លងផ្លូវ​ត្រឹមត្រូវ​ទៅ​រក​ការបញ្ចប់​ដ៏​សំខាន់​នេះ គឺ​ត្រូវ​រៀប​ផែនការ​សម្រាប់​រឿង​នេះ​ក្នុង​ពេល​ឥឡូវ ដូច​ដែល​អ្នក​ដឹង ដំណើរ​ទៅ​កន្លែង​ដែល​មាន​ការសិក្សា​ខ្ពស់​ត្រូវ​ការ​ពេល​យ៉ាង​ខ្លី​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ ហើយ​សោហ៊ុយ​ចំណាយ​នៃ​ការអប់រំ​យ៉ាង​ច្រើន​នោះ​ត្រូវការ​នូវ​ចំណាប់អារម្មណ៍​បន្ទាន់​របស់​យើង។ សូម​ឲ្យ​ខ្ញុំ​បង្ហាញ​អ្នក​នូវ​សោហ៊ុយ​ចំណាយ​នៃ​ការអប់រំ​នៅ​សាកលវិទ្យាល័យ​កំពូលៗ​ជាច្រើន និង​មើល​ថា​តើ​យើង​អាច​រៀប​ផែនការ​វា​ឥឡូវ​ដូចម្ដេច។ ចូរ​កុំ​ឲ្យ​អនាគត​បង្ក​ការភ្ញាក់​ផ្អើល​ដល់​អ្នក។

ការចូល​និវត្តន៍

1. ការបិទ​លក្ខណៈ​មូលប្បទានបត្រ​បៀវត្សរ៍

ការបិទ​មួយ​ដែល​ខ្ញុំ​ចូលចិត្ត​គ្រប់ពេល​អំពី​ការចូល​និវត្តន៍ ​គឺ​អ្វី​ដែល​ខ្ញុំ​ហៅ​ថា ការបិទ​លក្ខណៈ​មូលប្បទានបត្រ​បៀវត្សរ៍។ ខ្ញុំ​នឹង​ចាប់ផ្ដើម​ដោយ​សួរ​គាត់​ថា នៅ​អាយុ​ប៉ុន្មាន​ដែល​គាត់​បាន​ចាប់ផ្ដើម​ធ្វើការ។ ដោយ​សន្មត​ថា​គាត់​បាន​ចាប់ផ្ដើម​នៅ​អាយុ 25ឆ្នាំ ហើយ​ឥឡូវ​គាត់​មាន​អាយុ 45ឆ្នាំ អញ្ចឹង​គាត់​បាន​ធ្វើការ 20ឆ្នាំ​មក​ហើយ។ សំណួរ​បន្ទាប់​របស់​ខ្ញុំ​នឹង​សួរ​ភ្ញៀវសក្ដានុពល​ថា ពេល​ណា​ដែល​គាត់​មាន​បំណង​ចូល​និវត្តន៍។ ជា​ធម្មតា គឺ​នៅ​អាយុ 60ឆ្នាំ។

បន្ទាប់​មក សំណួរ​សំខាន់​បំផុត​ដែល​ខ្ញុំ​នឹង​សួរ​ភ្ញៀវ​សក្ដានុពល​គឺ​ថា ក្នុង​អំឡុងពេល​ធ្វើការ 20ឆ្នាំ​មក​នេះ មាន​ការទទួល​មូលប្បទានបត្រ​បៀវត្សរ៍ 240ដង តើ​ប៉ុន្មាន​ដង​ដែល​មូលប្បទានបត្រ​បៀវត្សរ៍​ទាំងនេះ​អាច​ស្ថិត​នៅ​ជាមួយ​គាត់? ការឆ្លើយតប​ធម្មតា​គឺ​ថា គាត់​មិន​បាន​សន្សំ​ប្រាក់​អ្វី​សោះ ដោយសារ​ការប្ដេជ្ញា​ផ្សេងទៀត​របស់​គាត់។ នេះ​ជា​ពេល​ដែល​សន្ទនា​កាន់តែ​គួរ​ឲ្យ​ចាប់អារម្មណ៍។ ខ្ញុំ​នឹង​សួរ​គាត់ “លោក​ភ្ញៀវសក្ដានុពល បើ​ក្នុង​ចំណោម​មូលប្បទានបត្រ​បៀវត្សរ៍ 240 អ្នក​មិន​អាច​សន្សំ​អ្វី​សោះ តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​គិត​ថា អ្នក​នឹង​អាច​សន្សំ​ប្រាក់​បាន​ពី​សមតុល្យ​នៃ​មូលប្បទានបត្រ​បៀវត្សរ៍ 180 ទៀត ដែល​អ្នក​នឹង​ទទួល​ក្នុង​ពេល 15ឆ្នាំ​បន្ទាប់ មុន​ពេល​ចូល​និវត្តន៍?”

ហើយ​លោក​ភ្ញៀវសក្ដានុពល​ដឹង​ទេ ការពិត​ដែល​កម្សត់​បំផុត​នោះ​គឺ​ថា ឪពុក​ម្ដាយ​ដែល​ពឹងផ្អែក​លើ​កូន​របស់​ពួកគេ​នៅពេល​ចូល​និវត្តន៍ មិន​ទទួល​ការគោរព​ពី​កូន​របស់​ពួកគេ​ទេ។ បើ​ទោះបី​ជា​ការពិត​ដែល​ថា​ឪពុកម្ដាយ​បាន​ថែទាំ​បីបាច់​កូន​របស់​ពួកគេ​ ចាប់តាំង​ពី​កើត​មក, ចិញ្ចឹម​ពួកគេ និង​ផ្ដល់​ការអប់រំ​ដល់​ពួកគេ​ក៏​ដោយ ប៉ុន្តែ​នៅពេល​ការចូល​និវត្តន៍​របស់​ឪពុកម្ដាយ​មក​ដល់ កូនៗ​ទាំងនេះ​ជា​ធម្មតា​មិន​ខ្វល់ ឬ​ក៏​មិន​អាចថែទាំ​​បាន​ឡើយ។

ត្រង់​ចំណុច​ប្រសព្វ​នេះ ជា​ធម្មតា ភ្ញៀវសក្ដានុពល​នៅ​ស្ងាត់ស្ងៀម ហើយ​នោះ​ជា​ពេល​ដែល​ខ្ញុំ​នឹង​សុំ​ឲ្យ​គាត់​កុំ​រង់ចាំ​យូរ​ទៀត វា​ជា​ពេល​ដែល​យើង​គួរ​ចាប់ផ្ដើម​រៀប​ផែនការ​ចូល​និវត្តន៍​ភ្លាមៗ។

2. ថ្ងៃ​អក្សរ​ក្រហម

ខ្ញុំ​បាន​ជួប​ភ្ញៀវសក្ដានុពលដែល​និយាយ​ថា ការចំណាយ​របស់​អ្នកចូលនិវត្តន៍​គឺ​ទាប។ ត្រង់​ចំណុច​នេះ ខ្ញុំ​នឹង​បង្ហាញ​ពួកគេ​នូវ​ប្រតិទិន​មួយ ហើយ​សួរ​ពួកគេ​នូវ​សំណួរ​សាមញ្ញ​មួយ។ “លោក​ភ្ញៀវសក្ដានុពល ហេតុអ្វី​បាន​ជា​ថ្ងៃ​អាទិត្យ​ត្រូវ​បាន​សម្គាល់​ដោយ​ពណ៌​ក្រហម​ខុស​ពី​ថ្ងៃ​ផ្សេងទៀត?” ចម្លើយ​ទូទៅ​ដែល​ខ្ញុំ​ទទួល​គឺ​ថា វា​ជា​ថ្ងៃ​ឈប់សម្រាក​សាធារណៈ ហើយ​ជា​លទ្ធផល អ្នក​មិន​ធ្វើការ​នៅ​ថ្ងៃនោះ​ទេ។ បន្ទាប់​មក ខ្ញុំ​នឹង​សួរ​ពួកគេ​ថា នៅ​ថ្ងៃ​ណា​មួយ​នៃ​សប្ដាហ៍​ដែល​អ្នក​ចំណាយ​ប្រាក់​ច្រើន​បំផុត? ចម្លើយ​គឺ​តែងតែ​ថ្ងៃ​អាទិត្យ។

នេះ​ជា​ពេល​ដែល​ខ្ញុំ​នឹង​រំឭក​ពួកគេ​ថា ថ្ងៃអាទិត្យ​ត្រូវ​បាន​ដាក់​ពណ៌​ក្រហម​ជា​ការព្រមាន​ថា អ្នក​នឹង​ត្រូវ​ចំណាយ​លុយ​ច្រើន​បំផុត​នៅ​ថ្ងៃ​ដែល​អ្នក​មិន​ធ្វើការ ហើយ​លោក​ភ្ញៀវសក្ដានុពល​ដឹង​ទេ ការចូល​និវត្តន៍​គឺ​ជា​ថ្ងៃ​ដែល​យើង​មិន​ធ្វើការ។ សាក​គិត​ពី​វា​មើល។

ផលប្រយោជន៍​និយោជិត

ការស្ទង់មតិ​ពី​អ្វី​ដែល​និយោជិត​ចង់​បាន ត្រូវ​បាន​ធ្វើ​ដោយ​ក្រុមហ៊ុន​ផលិត​មួយ។ ចម្លើយ​នៃ​ការស្ទង់មតិ​នោះ​ត្រូវ​បាន​ផ្ដល់​ជា​អនាមិក។ មាន​ការឆ្លើយតប​ពីរ​ប្រភេទ​ដែល​សំខាន់​ជា​ពិសេស​ចំពោះ​និយោជក។ សំណួរ​ទីមួយ​គឺ “តើ​អ្វី​ជា​ក្ដីសង្ឃឹម​ធំ​បំផុត​របស់​អ្នក​ក្នុង​ជីវិត?” ចម្លើយ​ពី​និយោជិត​គឺ៖

  1. មាន​សន្តិសុខ​ផ្នែក​ហិរញ្ញវត្ថុ
  2. មាន​សុភមង្គល​និង​សន្តិសុខ
  3. មិន​ខ្វល់​នៅ​វ័យ​ចាស់
  4. ច្បាស់​ថា គ្រួសារ​របស់​ពួកគេ​នឹង​មាន​សន្តិសុខ
  5. រក្សា​សុខភាព​និង​ការងារ​របស់​ពួកគេ
  6. មាន​ការគោរព​ពី​គ្រួសារ​របស់​ពួកគេ

សរុប​មក ក្ដីសង្ឃឹម​ធំបំផុត​របស់​ពួកគេ​ក្នុង​ជីវិត​គឺ​សន្តិសុខ។

សំណួរ​ទីពីរ​គឺ “តើ​អ្វី​ជា​ការភ័យខ្លាច​ធំបំផុត​របស់​អ្នក​ក្នុង​ជីវិត?” ចម្លើយ​គឺ៖

  1. ភ័យ​ខ្លាច​អំពី​អសន្តិសុខ
  2. ភ័យ​ខ្លាច​ថា​មិន​អាច​រ៉ាប់រង​ខ្លួន​ឯង​និង​គ្រួសារ
  3. ជំងឺ​និង​ភាពគ្មាន​ការងារ​ធ្វើ
  4. ភាពក្រីក្រ​និង​មរណភាព
  5. គ្មាន​ទីពឹង​នៅ​វ័យ​ចាស់

ឥឡូវ ការភ័យខ្លាច​ទាំងនោះ​បាន​បន្ថែម​ដល់​អសន្តិសុខ។

លោក​ភ្ញៀវសក្ដានុពល បើ​នេះ​ជា​អ្វី​ដែល​ការស្ទង់មតិ​បាន​បង្ហាញ ខ្ញុំ​ប្រាកដ​ថា នេះ​ក៏​ជា​ក្ដីកង្វល់​សម្រាប់​និយោជិត​របស់​អ្នក​ដែរ។ ការធានា​ជូន​និយោជិត​របស់​អ្នក​ឡើងវិញ​ថា​ភាព​មិន​ប្រាកដប្រជា​នេះ​អាច​ត្រូវ​បាន​លុបបំបាត់ នឹង​បង្កើត​អារម្មណ៍​វិជ្ជមាន​ដោយ​ស្វ័យប្រវត្តិ ធ្វើ​ឲ្យ​មាន​កំណើន​ផលិតភាព​កាន់​ខ្ពស់​សម្រាប់​ក្រុមហ៊ុន​របស់​អ្នក។

ជម្រើស​របស់​ខ្ញុំ​សម្រាប់​ការបិទ

តាម​វិធី​ជា​ច្រើន ខ្ញុំ​មាន​អារម្មណ៍​ថា ទស្សនទាន​នៃ​ការបិទ​គឺ​ត្រូវ​បុរេសកម្ម។ ជានិច្ចកាល សូម​ប្រើ​ការយល់ព្រម​ដោយ​ប្រយោល។ ជានិច្ចកាល សូម​ស្នើសុំ​សម្រាប់​ការលក់។ អាថ៌កំបាំង​នៃ​ការបិទ​គឺ​ត្រូវ​ស្នើសុំ។ ពួកយើង​ជាច្រើន​មិន​ត្រឹមតែ​ស្ទាក់ស្ទើរ​ក្នុង​ការ​ហៅ​ទូរសព្ទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា ពួកយើង​ជាច្រើន​ថែម​ទាំង ស្ទាក់ស្ទើរ​ក្នុង​ការស្នើសុំ​ផងដែរ។

សូម​ចាំ​ថា បើ​អ្នក​ធ្វើ​ការស្វែងរក​ការពិត​ដ៏​ល្អ​មួយ ហើយ​បាន​ដោះស្រាយ​ភាពលំបាក​ក្នុង​ការប្រឈម​ជាមួយ​ភ្ញៀវ​សក្ដានុពល ហើយ​អាច​ជម្នះ​ភាពលំបាក​ដើម្បី​បញ្ចុះបញ្ចូល​ភ្ញៀវ​សក្ដានុពល​បាន នោះ​ការបិទ​គឺ​គ្រាន់តែ​ជា​ជំហាន​បន្ទាប់​ក្នុង​ដំណើរការ​នេះ​ប៉ុណ្ណោះ។

 

ស្រង់​បុព្វលាភ​ជា​ភាគរយ

ខ្ញុំ​ជ្រើសរើស​ស្រង់​បុព្វលាភ​ជា​តម្លៃ​ភាគរយ​ប៉ុណ្ណោះ។ បើ​ត្រូវ​បាន​សួរ​ថា​បុព្វលាភ​ប៉ុន្មាន ចម្លើយ​របស់​ខ្ញុំ​គឺ “សម្រាប់​វ័យ​របស់​អ្នក វា​ប្រមាណ 2 ទៅ 3ភាគរយ”។ នៅពេល​ខ្ញុំ​ស្រង់​វា​ជា​ភាគរយ ខ្ញុំ​ការពារ​ខ្លួន​ខ្ញុំ​លើ​សេណារីយ៉ូ​ដែល​អាច​លេចឡើង​ចំនួន​បី បើ​ខ្ញុំ​ស្រង់​ជា​ប្រាក់​បុព្វលាភ។

  1. ពី​ទស្សនៈ​ចិត្តសាស្ត្រ នៅពេល​អ្នក​និយាយ​ប្រមាណ 2 ទៅ 3ភាគរយ វា​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ចំនួន​តិចតួច​ណាស់​ក្នុង​ក្បាល​របស់​ពួកគេ។ ម្យ៉ាងវិញ បើ​ខ្ញុំ​និយាយ 3ម៉ឺន​ដុល្លារ សម្រាប់​កិច្ចសន្យា 1លាន​ដុល្លារ ពួកគេ​នឹង​គិត​ថា វា​ជា​ប្រាក់​ដ៏​ច្រើន។
  2. នៅពេល​យើង​ស្រង់​ប្រាក់​បុព្វលាភ​ប្រាប់​ភ្ញៀវសក្ដានុពល ជានិច្ចការ វា​នឹង​ផ្អែក​លើ​ស្ថានភាព​បុគ្គល​ដែល​មាន​សុខភាព​ល្អ មានន័យថា បុព្វលាភ​គឺ​ផ្អែក​លើ​ហានិភ័យ​ស្តង់ដា។ ឥឡូវ បើ​វា​ជា​ហានិភ័យ​ក្រោម​ស្តង់ដា គាត់​នឹង​មិន​ទទួល​សិទ្ធិ​សម្រាប់​បុព្វលាភ​ស្តង់ដា​ទេ។ អញ្ចឹង បើ​ខ្ញុំ​និយាយ​ចន្លោះ​ពី 2 ទៅ 3ភាគរយ មិន​ថា​ប្រភេទ​នៃ​ការវាយតម្លៃ​អ្វី​ដែល​គាត់​ទទួល​ទេ វា​នឹង​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​នោះ។
  3. ខ្ញុំ​លើកទឹកចិត្ត​ដល់​ការប្រកួតប្រជែង នៅពេល​ខ្ញុំ​ស្រង់​ចំនួន​ទឹកប្រាក់​ជាក់លាក់​នៃ​បុព្វលាភ។ បើ​ភ្នាក់ងារ​មួយ​ទៀត​មក​ដែរ គាត់​អាច​ប្រជែង​ជាមួយ​ខ្ញុំ​យ៉ាង​ងាយស្រួល។

ទាំងនេះ​គឺ​ជា​មូលហេតុ​ដែល​ខ្ញុំ​មិន​ដែល​ផ្ដល់​ទឹកប្រាក់​បុព្វលាភ​ជាក់លាក់​ទេ ហើយ​ខ្ញុំ​តែង​ប្រើ​ជា​ភាគរយ។

រូបមន្ត “F F F”

ក្នុង​ដំណើរ​ទៅ​រក​ការបិទ ខ្ញុំ​តែង​ត្រៀម​ជាស្រេច​តាមរយៈ​ការប្រមើល​មើល​ទម្រង់​នៃ​ការ​រឹងទទឹង​ខ្លះ​ពី​ភ្ញៀវ​សក្ដានុពល។ នេះ​ជា​ការលំបាក​មួយ។ បើ​អ្វី​មួយ​ដំណើរការ​រលូន ហើយ​ភ្ញៀវ​សក្ដានុពល​ចុះ​ហត្ថលេខា​លើ​បន្ទាត់​ចុចៗ នោះ​ពិត​ជា​ល្អ។ ប៉ុន្តែ បើ​មាន​ការស្ទាក់ស្ទើរ​និង​ការបដិសេធ​ខ្លះ នោះ​ជា​ពេល​ចាប់ផ្ដើម​នៃ​ការផ្សាំង​នាគរាជ​ហើយ។ ខ្ញុំ​នឹង​ណែនាំ​រូបមន្ត “F F F” របស់​ខ្ញុំ។

មិន​ថា​អ្វី​ជា​ប្រធានបទ​សំខាន់​នៃ​បទបង្ហាញ​របស់​យើង​ទេ គឺ​ត្រូវ​ធ្វើ​ឲ្យ​វា​ការពារ​ចំណូល, ការអប់រំ​សម្រាប់​កូន, ការរៀប​ផែនការ​ចូល​និវត្តន៍, ការវិនិយោគ ឬ​ផល​ប្រយោជន៍​និយោជិត យើង​អាច​ប្រើ​ទាំងនេះ​ជា​បែបផែន​ទប់ទល់​សម្រាប់​ការបិទ។

  • F ទីមួយ​គឺ Feel (មាន​អារម្មណ៍)។
  • F ទីពីរ​គឺ Felt (​បាន​ទទួល​អារម្មណ៍)។
  • F ទីបី​គឺ Found (បាន​រកឃើញ)។

វា​មាន​លក្ខណៈ​ដូចនេះ “លោក​ភ្ញៀវ​សក្ដានុពល ខ្ញុំ​ដឹង​ថា​តើ​អ្នក​មាន​អារម្មណ៍ (Feel) ដូចម្ដេច ភាគច្រើន​នៃ​ភ្ញៀវ​របស់​ខ្ញុំ​បាន​ទទួល​អារម្មណ៍ (Felt) ក្នុង​លក្ខណៈ​ដូចគ្នា​នេះ ទាល់តែ​ពួកគេ​បាន​រកឃើញ (Found) តម្លៃ​នៃ​ការអនុវត្ត​របស់​វា។ លោក​ភ្ញៀវ​សក្ដានុពល ខ្ញុំ​មិន​បារម្ភ​ខ្លាំង​អំពី​ប្រាក់បុព្វលាភ​របស់​អ្នក​ទេ។ ការធានា​រ៉ាប់រង​ជីវិត​គឺ​ជា​រឿង​តែ​មួយ​គត់​ក្នុង​ពិភពលោក​នេះ​ដែល​ប្រាក់​តែឯង​មិន​អាច​ទិញ​បាន។ អ្នក​ត្រូវ​មាន​សុខភាព​បន្ថែម​លើ​សាច់ប្រាក់។ តើ​ពេល​ណា​ជា​ពេល​ចុង​ក្រោយ​ដែល​អ្នក​ទទួល​លទ្ធផល​ល្អប្រសើរ​បំផុត​សម្រាប់​ការពិនិត្យ​សុខភាព​របស់​អ្នក?”

នៅ​ថ្ងៃ​ដែល​អ្នក​មាន​អារម្មណ៍ 100ភាគរយ ចូរ​ឲ្យ 100ភាគរយ។ នៅ​ថ្ងៃ​ដែល​អ្នក​មាន​អារម្មណ៍ 50ភាគរយ ចូរ​ឲ្យ 100ភាគរយ។ វា​ជា​រឿង​មិន​គួរ​ឲ្យ​ជឿ បើ​អ្នក​គិត​អំពី​វា។ សូម​ចាំ​ថា យើង​គ្រាន់តែ​ជា​អ្នកប្រឹក្សា​សេវា​ធានារ៉ាប់រង​និង​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ។ នៅពេល​រាសី​អ្នក​ធ្លាក់​ចុះ អ្នក​ដឹង​ថា​មាន​ផ្លូវ​អាច​ឡើងវិញ។ នៅពេល​ការអស់សង្ឃឹម​ប៉ះ​ទង្គិច​យើង យើង​ដឹង​ថា​មាន​ផ្លូវ​ដើម្បី​ចេញ​ឲ្យ​ផុត​ពី​វា​ដែរ។  សូម​កុំ​មាន​អារម្មណ៍​ខ្វល់ខ្វាយ។ ការព្រួយបារម្ភ​បាន​សម្លាប់​មនុស្ស​ច្រើន​ជាង​ការងារ ដោយសារ​មនុស្ស​ជាច្រើន​ព្រួយបារម្ភ​ច្រើន​ជាង​ធ្វើការ។ ទាំងអស់​នោះ​គឺ​ជា​រឿង​សម្រាប់​ឲ្យ​យើង​ធ្វើ ទោះ​ជា​យ៉ាង​នេះ​ក្ដី យើង​ចង់​តម្រង់​កម្រិត​ជោគជ័យ​របស់​យើង។

ដោយសារ​យើង​ជួបប្រទះ​ផលវិបាក​ផ្សេងៗ​ពី​ជម្រើស​របស់​យើង ពេល​ខ្លះ​វា​មាន​ទម្រង់​ជា​ការលំបាក។ គ្រប់គ្នា​ធ្លាប់​មាន​បទពិសោធន៍​នៃ​ការកំណត់​គោលបំណង​ដើម្បី​សម្រេច​ផែនការ​មួយ ឬ​ក៏​សុបិន តែ​ដើម្បី​ឲ្យ​ខ្លួន​យើង​ប្រឈម​នឹង​ការលំបាក​ប៉ុណ្ណោះ។ វា​សឹងតែ​លេចឡើង​យ៉ាង​ប្រាកដ។

ការលំបាក​អាច​កើតឡើង​ជា​ទម្រង់​នៃ​ការខ្វះខាត​ធនធាន, គ្មាន​ភ្ញៀវ​សក្ដានុពល ឬ​ក៏​មិនមាន​ព័ត៌មាន​ឬ​ប្រាក់​គ្រប់គ្រាន់ ដើម្បី​បន្ត​វឌ្ឍនភាព​ដែល​អ្នក​បាន​គ្រោង។ ប្រហែល​ដោយសារ​បញ្ហា​ជីវិត​ជាក់ស្ដែង​ពាក់ព័ន្ធ​នឹង​អ្នកដទៃ បាន​បង្វែង​ការផ្ដោត​របស់​អ្នក ហើយ​អ្នក​មាន​អារម្មណ៍​ថា អ្នក​មិន​អាច​បន្ត​ទៅមុខ​ដើម្បី​សម្រេច​សុបិន​របស់​អ្នក​ទៀត​ទេ។ គ្មាន​គោលបំណង​ឬ​សុបិន​ដែល​មាន​តម្លៃ​ណា​មួយ​អាច​ទទួល​បាន​ដោយ​គ្មាន​ការតស៊ូ​ទេ។ គន្លឹះ​សំខាន់​គឺ​ត្រូវ​រក្សា​ការជំរុញ​ទឹកចិត្ត​ក្នុង​អំឡុង​ពេល​ពិបាក។ រុករក​គំនិត​របស់​អ្នក​ដើម្បី​ពន្យឺត​វា ផ្លាស់ទី​ជុំវិញ​ឧបសគ្គ ឬ​ក៏​បើ​វា​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ដូចជា​ចំបាំង​ឡើងភ្នំ សូម​សម្រាក។ ពិនិត្យ​មើល​ទីគោលដៅ​ចុងក្រោយ​របស់​អ្នក​ឡើងវិញ ប៉ុន្តែ​កុំ​បោះបង់​សុបិន​នោះ។ ការដើរ​ផ្លូវវាង​និង​ការពន្យារពេល​នឹង​មិន​នាំ​ឲ្យ​មាន​ការបរាជ័យ​ទេ ប៉ុន្តែ​ការបោះបង់​ចោល​ប្រាកដ​ជា​នាំ​ឲ្យ​បរាជ័យ។ ចូរ​កុំ​បោះបង់!

ខ្ញុំ​នឹង​ចែករំលែក​ជាមួយ​អ្នក​នូវ​កំណាព្យ​មួយ​ដែល​នៅតែ​ស្ថិត​នៅ​ជាមួយ​ខ្ញុំ​ជាច្រើន​ដង រាល់​ពេល​ដ៏​លំបាក​ទាំងនោះ។

 

Don’t You Quit
អ្នក​កុំ​បោះបង់

When things go wrong, as they sometimes will, When the road you’re trudging seems all uphill, When the funds are low and the debts are high,
And you want to smile, but you have to sigh,
When care is pressing you down a bit,
Rest if you must, but don’t you quit.

នៅពេល​អ្វីៗ​ខុស​ប្រក្រតី ព្រោះ​ពេល​ខ្លះ វា​នឹង​អញ្ចឹង,
នៅពេល​ផ្លូវ​ដែល​អ្នក​ដើរ​ដោយ​លំបាក​ហាក់ដូចជា​សុទ្ធតែ​ឡើងភ្នំ, នៅពេល​មាន​ប្រាក់​តិច មាន​បំណុល​ច្រើន,
ហើយ​អ្នក​ចង់​ញញឹម ប៉ុន្តែ​អ្នក​ត្រូវ​ដកដង្ហើម​ធំ,
នៅពេល​កង្វល់​សង្កត់​អ្នក​ចុះ​បន្តិច,
សូម​សម្រាក បើ​អ្នក​ត្រូវតែ​សម្រាក ប៉ុន្តែ​ចូរ​អ្នក​កុំ​បោះបង់។

 

Life is queer with its twists and turns,
As every one of us sometimes learns,
And many a failure turns about,
When he might have won had he stuck it out.
Don’t give up though the pace seems slow—
You may succeed with another blow.

ជីវិត​គឺ​បត់បែន​រមីរមួល​ដូចនេះ,
ដូច​ដែល​យើង​គ្រប់គ្នា​បាន​ឈ្វែងយល់​ដឹង នៅ​ពេល​ខ្លះ,
ហើយ​ការបរាជ័យ​ជាច្រើន​កើតឡើង,
នៅពេល​គេ​អាច​ឈ្នះ ដោយ​គេ​បាន​បន្ត​ប្រឹង​ឲ្យ​ដល់​ទីបំផុត។
មិន​បោះបង់ បើ​ទោះ​ជា​ល្បឿន​ហាក់ដូចជា​យឺត​ក៏​ដោយ—
អ្នក​អាច​ជោគជ័យ​ជាមួយ​នឹង​ការផ្លុំ​ជំរុញ​បន្តិច​ទៀត។

 

Often the goal is nearer than
It seems to a faint and faltering man;
Often the struggler has given up
When he might have captured the victor’s cup,
And he learned too late, when the night slipped down,
How close he was to the golden crown.

ជា​ញឹកញាប់ គោលបំណង​គឺ​នៅ​កាន់តែ​ជិត​ជាង
ដែល​វា​ទំនង ចំពោះ​បុរស​ខ្សោយ​និង​ទ្រេតទ្រោត;
ជា​ញឹកញាប់ អ្នកតស៊ូ​ឈប់​ធ្វើ
នៅពេល​គេ​អាច​ដណ្ដើម​បាន​ពាន​រង្វាន់,
ហើយ​គេ​ដឹង​យឺត​ពេក នៅពេល​រាត្រី​ចូល​មក​ដល់,
តើ​គេ​នៅ​ក្បែរ​មកុដ​មាស​ប៉ុណ្ណា។

Success is failure turned inside out—
The silver tint of the clouds of doubt,
And you never can tell how close you are,
It may be near when it seems afar,
So stick to the fight when you’re hardest hit—
It’s when things seem worst that you must not quit

ជោគជ័យ​គឺ​ជា​បរាជ័យ​ដែល​ពន្លាត់​ចេញ​ក្រៅ—
ពណ៌​ប្រាក់​ព្រឿងៗ​នៃ​ពពក​ដែល​មាន​មន្ទិល,

ហើយ​អ្នក​មិនដែល​អាច​ប្រាប់​ថា អ្នក​នៅ​ជិត​ប៉ុណ្ណា​ទេ,
វា​អាច​នៅ​ជិត នៅពេល​វា​ហាក់ដូចជា​នៅ​ឆ្ងាយ,
អញ្ចឹង​ត្រូវ​ស៊ូ​ប្រយុទ្ធ នៅពេល​អ្នក​ទង្គិច​ត្រូវ​ខ្លាំងបំផុត—
ពេល​ដែល​អ្វីៗ​ហាក់ដូចជា​អាក្រក់​បំផុត នោះ​ហើយ​ជា​ពេល​ដែល​អ្នក​មិន​ត្រូវ​បោះបង់​សោះ​ឡើយ
 

(Author Unknown)
(មិនស្គាល់​អ្នកនិពន្ធ)

 

Mohamad Manmohan, ChFC, CLU
Manmohan គឺ​ជា​សមាជិក MDRT 20-ឆ្នាំ និង​ជា​នាយប្រធាន​ប្រតិបត្តិ (CEO) ​ក្រុមហ៊ុន Life Specialist Financial Planners នៅ​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី។ លោក​ក៏​ជា​នាយក​ជាន់ខ្ពស់​ប្រចាំ​ភូមិភាគ​របស់ AIA Bhd ផងដែរ ដែល​ដឹកនាំ​ទីភ្នាក់ងារព្រីមៀ​មួយ​ដែល​មាន​ភ្នាក់ងារ​លំដាប់​កំពូល​ខ្លះ​របស់​ម៉ាឡេស៊ី ក្រោម​ការមើលខុសត្រូវ​របស់​លោក។ លោក​បាន​បម្រើការ​ជា​ប្រធាន​ប្រចាំ​ប្រទេស​នៃ MDRT Membership Communications Committee (MCC) នៅ​ម៉ាឡេស៊ី​ពី​ឆ្នាំ 2010 ដល់ 2012 និង​ជា​ប្រធាន​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​នៃ MDRT MCC ពី​ឆ្នាំ 2012 ដល់ 2014។ បច្ចុប្បន្ន លោក​កំពុង​បម្រើការ​ជា​សមាជិក​នៃ MDRT Experience Program Development Committee (គណៈកម្មាធិការ​អភិវឌ្ឍន៍​កម្មវិធី​បទពិសោធន៍ MDRT)។

American International Assurance Berhad
Executive Premier Agency, Level 11, AIA Financial Centre, No 99 Jalan Ampany, Kuala Lumpur, Malaysia 50450 អ៊ីមែល៖ mhdmohan@gmail.com ទូរសព្ទ៖ +60 86-03-2070-5054 គេហទំព័រ៖ lsfp.com.my Twitter៖ @mhdmohan

សូម​មើល​បទបង្ហាញ​នេះ​ក្នុង Resource Zone នៅ mdrt.org ឬ​ក៏​ទិញ​ពី mdrtstore.org។

Mohamad Manmohan Abdullah, ChFC, CLU
Mohamad Manmohan Abdullah, ChFC, CLU
13 ឧសភា 2020

ការពិតដ៏ឃោរឃៅ៖ ជម្រើសនានា មានផលវិបាក

អ្វីគ្រប់យ៉ាងដែលយើងដឹង បានទទួលមកពីទម្រង់មួយចំនួននៃព័ត៌មានដែលមានស្រាប់។ បំភ្លេចការភ័យខ្លាច និងធ្វើ​ដំណើរឆ្ពោះទៅមុខដោយងាយស្រួល និងគ្មានការខិតខំប្រឹងប្រែងដើម្បីបិទការលក់កាន់តែច្រើន និងក្លាយជាអ្នកដែលចេះសម្រេចចិត្តជាងមុន។ ចូលរួមជាមួយ Manmohan ដើម្បីស្វែងយល់ពីគំនិតនិងបច្ចេកទេសសម្រាប់ការរៀបចំភាពជោគជ័យនៃការលក់ផ្ទាល់ខ្លួនរបស់អ្នក។ ស្វែងរកវិធីការយល់ដឹងថ្មីៗ និងរក្សា​ទុក​ចំណេះដឹង ការគិត និងគំនិតដែលមានស្រាប់។
Communication techniques
‌

Author(s):

Mohamad Manmohan Abdullah, ChFC, CLU